Colossians 4

1ចៅហ្វាយរាល់គ្នា​អើយ! ​ចូរ​ផ្ដល់យុត្ដិធម៌និងភាពត្រឹមត្រូវដល់បាវបម្រើ​របស់​អ្នក​ចុះ​ដោយ​ដឹងថាអ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ 2ចូរអធិស្ឋាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំង​ប្រុងស្មារតីក្នុងសេចក្ដីអធិស្ឋានដោយការ​អរ​ព្រះគុណ 3ហើយអធិស្ឋាន​ឲ្យយើងផង​គឺ​សូម​ឲ្យ​ព្រះជាម្ចាស់បើកទ្វារ​ឲ្យ​យើងសម្រាប់​ព្រះ​បន្ទូល​ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​អំពី​អាថ៌កំបាំង​របស់​ព្រះ​គ្រិស្ដដែល​ខ្ញុំ​បាន​ជាប់ចំណងដោយសារ​ការ​នេះ​ឯង 4និងសូម​ឲ្យ​ខ្ញុំ​បង្ហាញអាថ៌កំបាំង​នោះ​តាមដែលខ្ញុំត្រូវនិយាយ 5ចូរប្រព្រឹត្ដចំពោះអ្នកក្រៅដោយប្រាជ្ញា​ទាំង​ចេះប្រើប្រាស់ពេលវេលា​ផង។ 6ចូរឲ្យ​អ្នករាល់គ្នា​មាន​ពាក្យ​សំដី​ល្អៗ​ជានិច្ច​ទាំង​មាន​ជាតិ​ប្រៃ​ផង​ដើម្បី​ឲ្យ​អ្នករាល់គ្នាដឹងថាត្រូវឆ្លើយ​នឹង​មនុស្សម្នាក់ៗយ៉ាងណា 7លោកទីឃីកុស​ជា​បងប្អូន​ដ៏​ជា​ទីស្រលាញ់​ជា​អ្នកជំនួយ​ដ៏​ស្មោះត្រង់ហើយ​ជា​បាវ​បម្រើ​រួម​ការងារក្នុងព្រះអម្ចាស់​គាត់​នឹង​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹងអំពី​សុខ​ទុក្ខ​ទាំង​អស់របស់ខ្ញុំ 8ខ្ញុំបាន​ចាត់គាត់ឲ្យមកអ្នករាល់គ្នាសម្រាប់​ការ​នេះឯង​គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹងអំពី​យើង​និង​ដើម្បី​កម្សាន្ដចិត្ដ​អ្នករាល់គ្នា 9ខ្ញុំចាត់​គាត់​ឲ្យ​មក​ជាមួយ​លោក​អូនេស៊ីម​ជា​បងប្អូន​ដ៏​ជា​ទីស្រលាញ់និង​ជា​មនុស្សស្មោះត្រង់ដែលជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា​ដែរ​អ្នក​ទាំងពីរ​នឹង​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹងគ្រប់​ការ​ទាំងអស់ដែលនៅទីនេះ 10លោកអើរីស្ដាកជាអ្នក​ជាប់​ឃុំឃាំង​ជាមួយខ្ញុំនិងម៉ាកុសជាបងប្អូន​ជីដូន​មួយ​របស់​លោក​បារណាបាស​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ។ ​ចំពោះ​ម៉ាកុស​វិញ​អ្នករាល់គ្នា​បាន​ទទួល​បង្គាប់​រួច​ហើយ​គឺ​ពេលណា​គាត់​មកដល់​ចូរ​អ្នករាល់គ្នា​ទទួលគាត់ចុះ 11រីឯលោក​យេស៊ូដែលហៅថាយូស្ទុស​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។ ​ក្នុងចំណោម​ពួក​អ្នកកាត់ស្បែក​មាន​តែ​អ្នក​ទាំងនេះ​ទេ​ដែល​ជា​អ្នក​រួម​ការងារសម្រាប់នគរព្រះជាម្ចាស់​ហើយ​បានលើកទឹកចិត្ដខ្ញុំ​ទៀត​ផង។ 12លោកអេប៉ាប្រាស​ជា​បាវបម្រើ​របស់​ព្រះ​គ្រិស្ដយេស៊ូ​និង​ជា​ម្នាក់​ក្នុងចំណោមអ្នករាល់គ្នា​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ​គាត់​ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ចដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ឈរ​មាំ​មួនពេញវ័យនិងយល់ច្បាស់ពីបំណង​របស់​ព្រះជាម្ចាស់គ្រប់បែបយ៉ាង 13ខ្ញុំធ្វើបន្ទាល់​អំពី​គាត់ថាគាត់មានការប្រឹងប្រែងណាស់ដើម្បីអ្នករាល់គ្នានិង​ពួក​អ្នកនៅ​ក្រុង​ឡៅឌីសេព្រមទាំង​ពួក​អ្នកនៅ​ក្រុង​ហេរ៉ាប៉ូល 14លោកលូកាជាគ្រូពេទ្យ​ជា​ទីស្រលាញ់និង​លោក​ដេម៉ាស​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ។ 15សូមជម្រាបសួរ​ដល់​បងប្អូននៅ​ក្រុង​ឡៅឌីសេនិង​នាង​នីមផាសព្រមទាំងក្រុមជំនុំ​ដែល​ជួបជុំគ្នា​នៅផ្ទះនាង​ដែរ។ 16ពេលណាអ្នករាល់គ្នា​បាន​អានសំបុត្រនេះ​រួច​ហើយ​ចូរ​ឲ្យក្រុមជំនុំនៅ​ក្រុង​ឡៅឌីសេអានផងហើយអ្នករាល់គ្នាក៏​ត្រូវ​អានសំបុត្រពី​ក្រុង​ឡៅឌីសេដែរ 17សូមប្រាប់​លោក​អើឃីពថា៖ ​«ចូរ​យក​ចិត្ដ​ទុក​ដាក់​ចំពោះមុខងារបម្រើដែល​អ្នក​បាន​ទទួលក្នុងព្រះអម្ចាស់​ចុះ​ដើម្បីបំពេញមុខងារបម្រើ​នោះ​ឲ្យ​បាន​សម្រេច»។ 18ខ្ញុំប៉ូល​សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ផ្ទាល់​ដៃ​ហើយ​សូម​អ្នករាល់គ្នា​នឹក​ចាំ​អំពី​ការ​ជាប់ចំណងរបស់ខ្ញុំផង។ ​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ
Copyright information for KhmKCB